រដ្ឋសភា អនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ ដកសញ្ជាតិ

ភ្នំពេញ ៖ ក្រោយពីបានពិភាក្សា យ៉ាងផលផុស តាមនីតិវិធីអង្គរដ្ឋសភា ដែលមានសមាជិកចំនួន១២០រូប បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ។

សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្តីពីសញ្ជាតិនេះមានពីរមាត្រា ។ យោងតាមសេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាលបានពន្យល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិ កំពុងស្ថិតក្នុងស្ថានភាពតានតឹងនិងកំពុងប្រឈមនឹងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើសកម្មភាពចូលរួម និងឃុបឃិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពបណ្តាលឲ្យប៉ះ ពាល់ដល់សេចក្តីសុខសាន្ត របស់ប្រជារាស្ត្រនិងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ ។

ទន្ទឹមនេះ ការដកសញ្ជាតិខ្មែរនៅកម្ពុជាមិនមែនជាសញ្ញាណថ្មីនោះឡើយ ដោយហេតុថា ច្បាប់ខ្មែរនាសម័យមុនក៏បានកំណត់អំពីការដកសញ្ជាតិផងដែរ។ ចំពោះក្របខ័ណ្ឌច្បាប់នៃបណ្តាប្រទេស លើសកលលោកចំនួនប្រមាណ១៥០ប្រទេស ក៏មានច្បាប់ស្តីពី បណ្តាលឲ្យខូចខាតដល់ឧត្តមប្រយោជន៍ របស់ប្រទេសជាតិ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងតម្លៃជាតិ សាសន៍របស់ប្រទេសខ្លួន ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់ប្រយោជន៍សំខាន់ៗដូចជា ធ្វើឲ្យច្បាប់ស្តីពីសញ្ជាតិ ស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជាក្លាយជាឧបករណ៍គតិយុត្តសំខាន់មួយ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។
ការដកសញ្ជាតិខ្មែរ គឺជាការកាត់ផ្តាច់ចំណងគតិយុត្តនិង នយោបាយចំពោះជនដែលក្បត់ជាតិតែប៉ុណ្ណោះ៕



