អភិបាលរងស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីសុខុមាលភាពកុមារកំព្រា និងងាយរងហានិភ័យ

កំពង់ធំៈលោក សួគ៌ ប៊ុនធង អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខលើកទឹកចិត្តកុមារីកំព្រា នៅភូមិកំពង់ប្រដុំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥នេះ។

លោកអភិបាលរងស្រុកបានមានប្រសាសន៍លើកឡើងថា ក្នុងនាមរដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង សូមលើកទឹកចិត្តដល់កុមារី ណាន វណ្ណ: ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យអស់លទ្ធភាព ហើយក្លាយខ្លួនជាសិស្សពូកែ ជាពិសេសខិតខំរៀនសូត្រ បន្តរហូតដល់មហាវិទ្យាល័យ ដើម្បីអនាគតភ្លឺត្រចះត្រចង់ ជាម្ចាស់លើជីវិតខ្លួនឯងនិងទ្រទ្រង់សុខុមាលភាពគ្រួសារនិង បងប្អូនផងដែរ។

លើសពីនេះលោកបានអំពាវនាវដល់ រដ្ឋបាលឃុំម្សាក្រង មណ្ឌលសុខភាពម្សាក្រង និងមន្ទីរពេទ្យបង្អែកស្ទោង សូមជួយសម្របសម្រួលហើយព្យាបាល ជូនប្អូនស្រីនិងប្អូនប្រុសដោយឥតគិតថ្លៃ ប្រសិនបើមានកាលៈទេសៈ និងស្ថានភាពត្រូវថែទាំនិងព្យាបាលជំងឺថែមទៀត។

សូមបញ្ជាក់ថា កុមារី ណាន វណ្ណៈ ជាក្មេងកំព្រាឪពុកម្ដាយនៅតែ២នាក់ប្អូនប្រុស ហើយនៅក្នុងឱកាសនេះលោកសួគ៌ ប៊ុនធង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួននិងថវិកាសរុប៣០ម៉ឺនរៀលផងដែរ៕ដោយសំនៀង






