រាជរដ្ឋាភិបាល រៀបចំយុទ្ធសាស្ត្រ ជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់ បរិយាកាស វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារឥណទានសម្រាប់ការនាំចេញ របស់រដ្ឋាភិបាលអូស្ត្រាលី (EFA) ថា រាជរដ្ឋាភិបាលកម្ពុជា រៀបចំយុទ្ធសាស្ត្រជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា។

ការថ្លែងប្រាប់របស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ជួបពិភាក្សាការងារជាមួយ នាយកប្រតិបតិ្តទីភ្នាក់ងារ ឥណទានសម្រាប់ការនាំចេញ របស់រដ្ឋាភិបាលអូស្ត្រាលី (Export Finance Australia – EFA) លោក John Hopkins នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និងអ្នកតំណាង EFA បានពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ការងារទៅវិញទៅមក ដោយក្នុងនោះតំណាង EFA បានជម្រាបជូនអំពីតួនាទី និងសេវាកម្មសំខាន់ៗរបស់ខ្លួនដែលរួមមានដូចជា៖ ការផ្តល់សេវាហិរញ្ញប្បទាន, ការបំពេញចន្លោះប្រហោងទីផ្សារ ក្នុងករណីដែលធនាគារពាណិជ្ជ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមិនអាចផ្តល់ហិរញ្ញប្បទានបានគ្រប់គ្រាន់, ការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព, និងការផ្តល់ការគាំទ្រដល់វិស័យផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនផងដែរ អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានាស័ក្តិសម សម្រាប់ការជ្រើសរើស ជាគោលដៅវិនិយោគ ក្នុងបរិការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើទស្សនវិស័យ ប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកវិស័យឯកជន ជាដៃគូសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានដាក់ចេញ នូវគោលនយោបាយ និងរៀបចំយុទ្ធសាស្ត្រជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ។
ទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់រដ្ឋាភិបាលអូស្ត្រាលី EFA គឺជាស្ថាប័នដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រពាណិជ្ជកម្មនាំចេញរបស់អូស្ត្រាលី និងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅក្នុងប្រទេសជាដៃគូ។
EFA មានគោលដៅជំរុញកំណើន ប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសអូស្ត្រាលី និងប្រទេសជាដៃគូរបស់ខ្លួន តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងដំណោះស្រាយជំនាញបច្ចេកទេសផ្សេងៗ ដើម្បីលើកកម្ពស់ការវិនិយោគពីអូស្ត្រាលីនៅក្នុងប្រទេសជាដៃគូនោះ ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ នៅក្នុងទីផ្សារអន្តរជាតិ ៕
