អាជ្ញាធរកម្ពុជា ៖ ការចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋថៃ នៅលើទឹកដីថៃ ជាសិទ្ធិរបស់ថៃ តែមិនត្រូវប៉ះពាល់អធិបតេយ្យកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវ បានសន្យាចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋរបស់ពួកគេដែលរស់នៅជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនោះ, រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជាឡើយ។
នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការព្រួយបារម្ភចំពោះព័ត៌មានបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថា អភិបាលខេត្តស្រះកែវ បានលើកឡើងអំពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិនៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា «ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃនៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ»។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដា ក្នុងករណីដែលការចេញប័ណ្ណនេះធ្វើឱ្យ ប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថា «សកម្មភាពនេះរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេស ទាំងពីរ»៕
