ក្រសួងអប់រំ នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩

កណ្ដាល ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។
នាឱកាសអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំស្តីពី ការអនុវត្តសាកល្បងគន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល នៅថ្ងៃទី២៥ សីហា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរម្លឹកពីបុព្វហេតុនៃការរៀបចំឱ្យមានគន្លងអប់រំថ្មី តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចង់បង្កលក្ខណៈកាន់តែច្រើន ដើម្បីឱ្យសិស្សចូលរៀនបន្ថែមទៀតនៅកម្រិតមមធ្យមសិក្សា ទាំងបឋមភូមិ និងទុតិយភូមិ និងមានគោលដៅបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធអប់រំបច្ចុប្បន្នឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅកាត់បន្ថយអត្រាបោះបង់ការសិក្សា។

ក្រសួងនឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន ក្នុងនោះរួមាន វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍, គ្រឹះស្ថានសិក្សាអប់រំបច្ចេកទេស,វិទ្យាល័យស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។
ការអនុវត្តគន្លងសិក្សាថ្មី នៅវិទ្យាល័យទេពប្រណម្យ គឺបានជួយឱ្យសិស្សមានលទ្ធភាពទទួលបានការអប់រំមួយដែលមានជំនាញច្បាស់លាស់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សដែលសាលារៀនស្ថិតនៅកម្រិតខ្ពស់ និងមានភាពទាក់ទាញឱ្យមានការចូលរួមកាន់តែខ្លាំងឡើងពីសហគមន៍សាលារៀន។
លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធទាំងអស់ដែលជំរុញឱ្យការអនុវត្តគន្លងអប់រំថ្មីមានវឌ្ឍនភាពឈានដល់ការអនុវត្តសាកល្បងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ជាពិសេសសូមកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ វិទ្យាល័យទេពប្រណម្យ ក៏ដូចជាសាលារៀនគោលដៅទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមអនុវត្តគន្លងអប់រំថ្មីឱ្យទទួលបានជោគជ័យ ដោយសូមឱ្យបន្តរក្សាស្មារតីសហការគ្នាឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅសម្រេចគោលដៅរួមគ្នាជាច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ៕
