ព័ត៌មានជាតិ

និស្សិតជ័យលាភីអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និងបណ្ឌិត នៃ​សាធារណរដ្ឋ​ឆែក​ឆ្នាំសិក្សា២០២៥-២០២៦ ជា​ធនធាន​មនុស្ស​ដ៏​ចាំបាច់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋឆែក (Czech Government Scholarship) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ និងការយល់ដឹងបន្ថែមពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: មុនចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក នៅដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសនេះ លោកស្រី​រដ្ឋលេខាធិការប្រចាំការ បាន​ចែក​រំលែក​ព័ត៌មាន​ស្ដីពី​ផែនការ​សកម្មភាព​ជា​ចម្បង​របស់​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមមាន គោល​នយោបាយ​ទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

លោកស្រី​បានចូលរួមអបអរសាទរចំពោះប្អូនៗនិស្សិត និងចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីខាងលើក្នុងការរៀបចំផែនការអាជីពរបស់ខ្លួន និងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ ជាពិសេសជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។ និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងក្លាយជាបញ្ញវន្តកម្ពុជាដ៏ឆ្នើមក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកឱ្យកាន់តែមានភាពរឹងមាំ ដែលមានសក្តានុពលបង្កើនការទាក់ទាញឱកាសវិនិយោគ ទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ លោកស្រី​បានរម្លឹកនូវប្រវត្តិ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអតីតនិស្សិតបានគង់ និងសិក្សាប្រកបដោយជោគជ័យនៅទីក្រុងប្រាក (Prague) ដែលទ្រង់ជានិស្សិតដ៏លេចធ្លោទូទាំងពិភពលោកចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ ១៩៧៥។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកមានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលជាង ៦៩ឆ្នាំមកហើយ និងបានផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍដល់ប្រទេសកម្ពុជាដែលមួយផ្នែកជាអាហារូបករណ៍របស់រដ្ឋាភិបាលតាំងពីឆ្នាំ១៩៨១។

លោកស្រី​បានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឱ្យបានច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកជាតិមាតុភូមិវិញ៕

To Top