ក្រសួងការពារជាតិ ៖ ពលរដ្ឋកម្ពុជា ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរាយបន្លាលួស ដោយយោធាថៃ ក្នុងស្រុកអូរជ្រៅ គឺការពារទ្រព្យសម្បត្តិស្របច្បាប់ របស់ពួកគាត់

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា សកម្មភាព របស់ប្រជាពលរដ្ឋកម្ពុជា ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរាយបន្លាលួសដោយយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺកើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់។

ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខ នឹងភូមិណងចាន ខេត្តស្រះកែវ របស់ប្រទេសថៃ ហើយបន្ទាប់មកនៅវេលាម៉ោង១៥ និង១៤នាទី រសៀលថ្ងៃដដែលកងកម្លាំង របស់ថៃបានធ្វើសកម្មភាពជាថ្មី បម្រុងនឹង យកបន្លាលួសមករាយម្តងទៀត តែត្រូវបានពលរដ្ឋកម្ពុជាធ្វើការ ទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងកម្លាំងរបស់ថៃបានយកបន្លាលួសរបស់ខ្លួនត្រឡប់ទៅវិញ។
លោកស្រី បានថ្លែងថា «ចាប់តាំងពីយប់ថ្ងៃទី២៥ សីហា រហូតដល់ព្រឹកថ្ងៃទី២៦ សីហា នេះ បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និង ប្រជាពលរដ្ឋផ្សេងៗទៀត បានរួមសាមគ្គីធ្វើការឆ្លើយតប គឺស្តែងចេញពីការព្រួយបារម្ភ ចំពោះមុខទៅនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅ នៃការការពារនូវអ្វីដែលពួកគាត់ចាត់ទុកថា ជាទ្រព្យសម្បត្តិស្របច្បាប់ របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រឡាញ់ទឹកដី និងការការពារទ្រព្យ សម្បត្តិស្របច្បាប់របស់ពួកគាត់»។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា នៅក្នុងហេតុការណ៍ខាងលើនេះ កងកម្លាំង និងអាជ្ញាធរមាន សមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់អាវុធ ក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដោយបាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ហើយម្យ៉ាងវិញទៀតកងកម្លាំង របស់យើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវលក្ខខណ្ឌនៃបទឈប់បាញ់ ដូច ដែលបានឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយកម្ពុជាសូមអះអាងពីការប្រកាន់ខ្ជាប់ នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការបង្កើននូវភាពតានតឹង និងការប៉ះទង្គិចគ្នា ខាងផ្នែកយោធាសាជាថ្មី។
ក្នុងន័យនេះ កម្ពុជា បានស្នើភាគីថៃ ឱ្យគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ជាពិសេសស្មារតី នៃកិច្ចព្រមព្រៀង ដែលកើតចេញពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥៕
