ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចំនួន៥ប្រទេស ចេញដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យ និងសង្កេតការណ៍

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៥ប្រទេស (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ។

សូមរំលឹកថា កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។

ផ្ទាំងពាណិជ្ជកម្ម

កម្ពុជា បញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)៕

To Top