ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រកឃើញមូលហេតុ ​ដែលបង្កឱ្យមានការបំពុលខ្យល់ រោងចក្រសិប្បកម្មកែឆ្នៃ និងវេចខ្ចប់កាកស្រាបៀរ ផលិតចំណីសត្វមួយកន្លែង ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: មន្ត្រីជំនាញក្រសួងបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការ អនុវត្តច្បាប់ រួមនឹងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានរកឃើញថា ទីតាំងសិប្បកម្មកែច្នៃ និងវិចខ្ចប់កាកស្រាបៀររបស់ លោកស្រី នុត សុខណាវី នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលខ្យល់ និងមានក្លិនស្អុយហុយ ចេញពីបំពង់ផ្សែង។

មន្ត្រីជំនាញបានធ្វើតេស្ដ សារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលទទួលបានលទ្ធផលឃើញថា បារ៉ាម៉ែត្រCO=១០១២៤ppm មានកម្រិតលើសស្តង់ដា។ លើសពីនេះសិប្បកម្មខាងលើ បានបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតដំណើរការអាជីវកម្ម និងលិខិតអនុញ្ញាតផ្សេងៗ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថាន បានចាត់វិធានការ ចំពោះមុខឱ្យសិប្បកម្ម អនុវត្តច្បាប់ ដោយត្រូវបញ្ឈប់ការ បញ្ចេញសារធាតុបំពុលខ្យល់ និងក្លិនអាក្រក់, ត្រូវពិន័យអន្តរការណ៍ ករណីមិនមានលិខិតអនុញ្ញាត បើកដំណើរការ អាជីវកម្ម ទាក់ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា៦៥៤ មាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, ត្រូវស្នើសុំលិខិតអនុញ្ញាត ទាក់ទងការងារបរិស្ថាន និង លិខិតអនុញ្ញាតបញ្ចេញសំណល់, ត្រូវកែសម្រួលឡចំហាយ ឱ្យត្រឹមត្រូវតាមស្តង់ដា នៃការបញ្ចេញសារធាតុពុលខ្យល់, ត្រូវរៀបចំឱ្យមានរោង សម្រាប់ទុកដាក់កាកសំណល់ស្រាបៀរ ឱ្យបានត្រឹមត្រូវ ដោយជៀសវាងទុកដាក់ចោលនៅទីវាល ដែលអាចបង្ករឱ្យមានទឹកសំណល់ កាកស្រាបៀរប៉ះពាល់ដល់បរិស្ថាន និងដីស្រែប្រជាពលរដ្ឋ និងត្រូវរៀបចំអាងប្រព្រឹត្តិកម្ម សំណល់រាវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុនបញ្ចេញសំណល់រាវ ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមន្ទីរបរិស្ថាន

To Top