កម្ពុជា រៀបចំសិក្ខាសាលាឌីជីថ លូបនីយកម្មក្នុងរដ្ឋបាល សាធារណៈ សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ

ភ្នំពេញ ៖ ក្នុងការរអនុវត្តផែនការសកម្មភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈ ឆ្នាំ២០២១-២០២៥ (ACCSM+3) ក្រសួងមុខងារសាធារណៈកម្ពុជា រៀបចំ «សិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រ ឡេស្តេ» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា សិក្ខាសាលានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ក្នុងពិធីបើកដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាង ក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ប្រមាណជាង ១៥០នាក់។
សិក្ខាសាលារយៈពេល ៣ថ្ងៃ រៀបចំឡើងក្នុងគោលបំណងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធ បំផុសគំនិតផ្តួចផ្តើមដែលជាឧត្តមានុវត្តន៍ល្អៗ និងកិច្ចសហ ប្រតិបត្តិការនានា ដើម្បីជំរុញការកសាង សេដ្ឋកិច្ចនិងសង្គមឌីជីថលឱ្យរស់រវើក ឆ្លើយតបឱ្យទាន់ពេលវេលា ជាមួយតម្រូវការជាក់ស្តែងរបស់ប្រជាជនខ្មែរ ក៏ដូចជាប្រជាពលរដ្ឋនៃបណ្តាប្រទេសអាស៊ានទាំងមូល។
សិក្ខាសាលា នេះ នឹងមានការធ្វើបទបង្ហាញដោយតំណាងប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូកបី និងកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធជូនគ្នាទៅវិញទៅមកលើប្រធានបទដែលពាក់ព័ន្ធទៅនឹងឌីជីថលូបនីយកម្ម ក្នុងរដ្ឋបាលសាធារណៈ។
ក្នុងតួនាទីជាប្រធានប្តូរវេននៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈលើកទី២៣ និង កិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (២០២៤-២០២៦) រាជរដ្ឋាភិបាល កម្ពុជា សូមរីករាយស្វាគមន៍ប្រតិភូទាំងអស់មកកាន់ព្រះរាជាណាចក្រកម្ពុជា និងបន្តបង្ហាញឆន្ទៈខ្ពស់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៃបណ្តាប្រទេសអាស៊ាន៕
