កម្ពុជា-វៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ ដើម្បីលើកកម្ពស់ ការប្រើប្រាស់រូបិយវត្ថុជាតិ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៅក្នុងប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍ វិស័យធនាគារនៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ច សហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដូចជា៖ បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម, លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងវៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ និង iលើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

ជារួម ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីសម្រាប់ឆ្នាំនេះ ដោយកិច្ចប្រជុំបានបញ្ចប់ទៅដោយភាតរភាព និងភាពស្និទ្ធស្នាលជាទីបំផុត៕

