ព័ត៌មានជាតិ

“ចៅប្រុសបង្កើតចំនួន ៣នាក់ របស់វីរយុទ្ធជនពលី លោក ឧត្តមសេនីយ៍ឯក ដួង សំនៀង បានទទួលអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត មកសិក្សានៅ សាលា ប៊ែលធី អន្តរជាតិ”

ភ្នំពេញ ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៥ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានជួបសំណេះសំណាលជាមួយបងស្រី អ៊ុក ស៊ុនរ៉ានី ដែលត្រូវជាភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន លោកឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលី ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥ និងបានប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនដល់ចៅៗចំនួន ៣នាក់ ។

ចៅប្រុសបង្កើតទាំង៣នាក់ រួមមាន ៖ ១-ឈ្មោះ សំនៀង វឌ្ឍនៈ ២-ឈ្មោះ សំនៀង សិរីវឌ្ឍន៍ និង ៣-ឈ្មោះ យី សំនៀងបញ្ញាវ័ន្ត ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។

អាហារូបករណ៍ពិសេស នេះ រួមមាន ៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ
៣-អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ
៤-សៀវភៅពុម្ភសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ
៥-កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះដែរ លោកបណ្ឌិត ក៏បានចូលបច្ច័យមួយចំនួន និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការពលីរបស់ លោកឧត្តមសេនីយ៍ឯក ដួង សំនៀង ។

ការពលីរបស់ លោក ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវមេទ័ព ដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ និងប្រកបដោយភាពក្លាហាន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីអាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីរបស់យើង ឱ្យបានគង់វង្ស សម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់ៗជំនាន់តរៀងទៅ ។ ជាពិសេស គឺជាការបាត់បង់នូវ ឧត្តមស្វាមី និងលោកឪពុក-លោកតា ប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែចិញ្ចឹមបីបាច់ ថែរក្សា និងទំនុកបម្រុងក្រុមគ្រួសារ គ្រប់ពេលវេលា ដោយមិនគិតពីការនឿយហត់ ៕

To Top