ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ៖ សម្រាប់ការផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌល ប្រឡងបាក់ឌុប មិនត្រូវបង់ប្រាក់ឡើយ

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា សម្រាប់ការផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង៖ ២៨ សីហា ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និង របៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករ ដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារឧបសម្ព័ន្ធ) ដូចខាងក្រោម ៖

១- ផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥
២- ផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅ ជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥
៣- ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេង រំខាន ឬ សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន
៤- សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅ ក្នុងសណ្ឋាគារ អគារស្នាក់នៅរួម ផ្ទះសំណាក់ ឬ ផ្ទះជួលបណ្តោះអាសន្ន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា
៥- ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ៕

To Top