ព័ត៌មានជាតិ

បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែក ដ៏មានសារៈសំខាន់ ក្នុងការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ

សៀមរាប ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែក ដ៏មានសារៈសំខាន់មួយ ដែលរួមចំណែក ដល់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការ កំណែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី ឌីជីថលូបនីយកម្ម ក្នុងរដ្ឋបាលសាធារណៈ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ស្របពេលកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មឌីជីថល ត្រូវបានធ្វើឡើងយ៉ាងសកម្ម ដោយគ្រប់តួអង្គនៃក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងអភិក្រម «ធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល»។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏មានសារៈសំខាន់បំផុតមួយ នៃការរួមចំណែកពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ និងជាកាតាលីករ គាំទ្រជំរុញការបន្តការកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការដែលបានធ្វើជាបន្ត បន្ទាប់ ដោយរាជរដ្ឋាភិបាលនីតិកាលមុនៗ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក»។

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមលើការលើកឡើងបែបនេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកការងារកែទម្រងរដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈជាមួយឆន្ទៈនយោបាយមុតស្រួចប្រកប ដោយភាពស្វាហាប់ ឈ្លាសវៃ និង ចក្ខុវិស័យវែងឆ្ងាយ ដោយកំណត់គោលដៅអាទិភាព ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការដាក់ចេញ វិធានការគន្លឹះចំនួន៣។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ របស់ប្រទេសជាសមាជិកអាស៊ាន គឺពិតជាមាន សារៈសំខាន់ ជាពិសេសនាឱកាសនេះ ក្នុងវិស័យមុខងារសាធារណៈ ដែលយើងត្រូវ បន្តរៀបចំជាវេទិកាកម្រិតតំបន់ ដើម្បីរួមគ្នាកសាង សមត្ថភាព ចែករំលែកផ្លាស់ប្តូរគ្នា ទៅវិញទៅមកពី ឧត្តមានុវត្តន៍ និងចំណេះដឹងបច្ចេកវិទ្យាទំនើបៗ ឆ្ពោះទៅការប្រើប្រាស់ និងចាប់យក ឱ្យបានជាអតិបរិមានូវកាលានុវត្តភាព និងសក្តានុពលបច្ចេកវិទ្យា ឌីជីថល នៅក្នុងកិច្ចការរដ្ឋបាលសាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

To Top