រសៀលស្អែកនេះ ស្ពានមេគង្គក្រចេះ នឹងបើកឱ្យបេក្ខជន ប្រឡងបាក់ឌុបឆ្លងកាត់ ៣ថ្ងៃ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៦ សីហា នេះ លោក ផន រឹម បានគូសបញ្ជាក់ថា «នៅរសៀលថ្ងៃស្អែកនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យក្មួយៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីសុវត្ថិភាពដល់ការធ្វើដំណើរទៅប្រឡង និងកុំឲ្យពិបាកជិះទូក កាណូត ឆ្លងកាត់ទន្លេនៅរដូវទឹកដំឡើង»។
សូមបញ្ជាក់ថា ម៉ោងពេលសម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដោយមានការជួយសម្រួលពីមន្ត្រីការដ្ឋានស្ថាបនាស្ពាន អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ៖
១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច
២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច
៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។ ដើម្បីសុវត្ថិភាព ការអនុញ្ញាតឆ្លងកាត់សម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង)៕
