ភូមិតានន ៖ បទពិសោធន៍ចិន លើការស្តារអភិវឌ្ឍជនបទ នៅកម្ពុជា

តាកែវ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ មានរៀបចំកិច្ចពិភាក្សាលើការងារអភិវឌ្ឍភូមិ ដោយគាំទ្រពីមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ក្រោមកិច្ចសម្របសម្រួល ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ។
ថ្លែងជម្រាបជូនភ្ញៀវពីកិច្ចអភិវឌ្ឍ របស់ភូមិតានន ដែលជាភូមិគំរូ នៃការកាត់បន្ថយភាពក្រីក្រ តាមរយៈការអនុវត្តគម្រោងរួមគ្នា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ លោក ប៉ាង សាមឺឌី មេភូមិតាននបានរំលេចថា ចាប់ពីឆ្នាំ២០២១មក ភូមិតាននដែលមានប្រជាជន ៦៣៧រូប បានទទួលផលដោយផ្ទាល់ពីការអភិវឌ្ឍនេះ។ ជានិច្ចកាល ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ភូមិតាននបានប្រែរូបភាពរបស់ខ្លួន យ៉ាងឆាប់រហ័សដោយទទួលបានហេដ្ឋារចនាសម្ព័ន្ធល្អ ប្រសើរ សេវាសាធារណៈកាន់តែប្រពៃ ហើយជីវភាពរបស់ប្រជាជនភូមិតានន បានកើនឡើងជាប្រចាំ។ បន្ថែមពីលើនេះ ភ្ញៀវចិនកាន់តែច្រើនឡើង បានមកទស្សនាភូមិ ព្រមទាំងបានរួមចំណែក នៅក្នុងការអនុវត្តគម្រោងនានា ជួយលើកកម្ពស់ជីវភាពរបស់អ្នកភូមិ បន្ថែមទៀតផងដែរ។ លោកបានគាំទ្រ នូវទស្សនៈរួមរបស់អ្នកភូមិថា នេះជាការអភិវឌ្ឍប្រកបដោយល្បឿន យ៉ាងលឿនដោយទទួលបាននូវ បទពិសោធន៍ពីមិត្តចិន លើការអភិវឌ្ឍជនបទ ។

លោក កឺឡី (Ge Lei) ប្រធាននាយកដ្ឋានគម្រោង នៃមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសម្របសម្រួល របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានពូនផ្តុំកម្លាំង របស់ប្រជាជនភូមិតានន និយាយដោយឡែក ប្រជាជនរស់នៅក្នុងឃុំដូង និយាយរួមដើម្បីសម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងចរន្ត នៃការអភិវឌ្ឍភូមិតានន។ លោកក៏បានបន្ថែមពីការគាំទ្រ ដល់ផែនការអភិវឌ្ឍភូមិតាននតាមរយៈគម្រោងនានា ដែលបានផ្តួចផ្តើមដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិលផងដែរ។
ដោយយល់ស្របនឹង របាយការណ៍ដែលទទួលបានពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រ សមុទ្ររបស់ប្រទេសចិន បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះលោក កឹមរ័ត្ន វិសិដ្ឋ ដែលបានបង្កើនល្បឿន អភិវឌ្ឍរបស់ភូមិតានននេះ ដែលមិនត្រឹមឈានទៅសម្រេចបាន នូវគោលដៅជាភូមិ កាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ព្រមទាំងជាគំរូភាពនៃមិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ថែមទៀតផង ។ លោកក៏បានបន្ថែមពីការរួមចំណែករបស់វិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ក្នុងការទាក់ទាញទេសចរជនជាតិចិន និងកៀរគរកម្លាំងសង្គមស៊ីវិលចិន កាន់តែច្រើនមករួមចំណែកក្នុងចរន្តនៃការអភិវឌ្ឍភូមិតានន តាមរយៈកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
គួរបញ្ជាក់ផងដែរថា នៅក្នុងភូមិតានននេះ តាមរយៈកិច្ចសម្របសម្រួល ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍបានជីកអណ្តូងចំនួន ៥ ក្នុងចំណោមអណ្តូងទាំង២០០ ដែលបានផ្តល់ជូនដល់ខេត្តតាកែវ បានសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់មាន១២បន្ទប់ សាងសង់ផ្លូវបេតុងជុំវិញភូមិទាំងមូល សាងសង់ប្រឡាយបង្ហូរទឹកអមសងខាងផ្លូវបេតុង សាងសង់អគារពហុបំណង ស្ថានីយផលិត ទឹកស្អាត ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងបំពាក់អំពូលអគ្គិសនីបំភ្លឺ ផ្លូវដើរដោយ ថាមពលពន្លឹព្រះអាទិត្យ នៅជុំវិញភូមិថែមទៀតផង៕
