ព័ត៌មានជាតិ

សភាយុវពាណិជ្ជករ អន្តរជាតិ កម្ពុជា (JCI Cambodia) ទទួលបានការគាំទ្រ លើការបណ្តុះបណ្តាល ជំនាញសហគ្រិនភាព នៅកម្រិតវិទ្យាល័យពីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ គោលបំណង នៃជំនួបគឺ ទី១ បង្ហាញពីចក្ខុវិស័យ សមិទ្ធិផល និង ទិសដៅបន្តការងាររបស់ JCI Cambodia ដែលបានសម្រេច នាពេលកន្លងមក រួមមានការចូលរួមការងារ សង្គមផ្សេងៗ អភិវឌ្ឍន៍ធនធានមនុស្ស និង ជាពិសេសចូលរួម ក្នុងការបណ្តុះបណ្តាល ជំនាញសហគ្រិនភាព ដល់ពលរដ្ឋសកម្មវ័យក្មេងនៅកម្ពុជា និងទី២ ស្នើសុំនូវការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស របស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។

លោករដ្ឋមន្ត្រី ហេង សួរ បានកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះ JCI Cambodia ក្នុងការបន្តរួមចំណែក អភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសផ្តល់សិទ្ធិ អំណាចដល់យុវជន តាមរយៈការចូលរួមការងារសង្គម ការបណ្តុះបណ្តាល ជំនាញសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដល់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ដែលមានបណ្ដាញ ក្រុមហ៊ុនច្រើន ជាសមាជិកជួយផ្សព្វផ្សាយ និងបង្កើនឱកាសការងារជូនដល់ បងប្អូនពលករខ្មែរ ដែលទើបវិល ត្រឡប់មកពីប្រទេសថៃវិញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងធ្វើការយ៉ាងជិត ស្និទ្ធជាមួយ JCI Cambodia ក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារ និង រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងគាំទ្រដល់ការបោះ ជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំង រវាងក្រសួង និង JCI Cambodia។

ជាការឆ្លើយតប លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា បានថ្លែង អំណរគុណចំពោះ លោករដ្ឋមន្ត្រី ដែលផ្ដល់នូវការគាំទ្រលើកិច្ចសហប្រតិបត្តិការនានា ដើម្បីផ្ដល់ឱកាសឱ្យក្រុមការងាររបស់លោក បន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញសហគ្រិនភាពដោយផ្ដោតលើកម្រិតវិទ្យាល័យ ដើម្បីចូលរួមការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា សំដៅជួយលើកស្ទួយ ការផលិតផលក្នុងស្រុក និងបង្កើន ឱកាសទទួលបានការងារ៕

To Top