ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីស្រាអែល បំផ្លាញអគារជាង ១.០០០ នៅក្នុងទីក្រុង Gaza និងបន្តទម្លាក់គ្រាប់បែក

RT News

បរទេស ៖ សារព័ត៌មាន Al Jazeera បានរាយការណ៍ដោយដកស្រង់ សម្តីពីក្រសួងការពារស៊ីវិលប៉ាឡេស្ទីនថា អគារជាង ១.០០០ ត្រូវបានបំផ្លាញ នៅក្នុងសង្កាត់ Zaytoun និង Sabra នៃទីក្រុង Gaza ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការលុកលុយដីថ្មីក្នុងខែនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះ គឺចាំបាច់សម្រាប់សន្តិសុខជាតិ ដោយមានគោលដៅលុបបំបាត់ ហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហាម៉ាស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជនស៊ីវិល បានរាយការណ៍ថា ការបន្តបាញ់ផ្លោង និងការបិទផ្លូវ ចូលបានធ្វើឱ្យក្រុមសង្គ្រោះបន្ទាន់ ស្ទើរតែមិនអាចទៅដល់ ជនស៊ីវិលរាប់រយនាក់ ដែលជាប់គាំង ឬឆ្លើយតបទៅនឹងរបាយការណ៍នៃអ្នកបាត់ខ្លួន។ មន្ទីរពេទ្យក្នុងតំបន់ត្រូវបានគេរាយការណ៍ថា មានសភាពទ្រុឌទ្រោម ។

ផ្ទាំងពាណិជ្ជកម្ម

អង្គការនេះបាននិយាយថា “មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តការលុកលុយ របស់កងកម្លាំងអ៊ីស្រាអែល ចូលទៅក្នុងទីក្រុង Gaza នៅពេលដែលក្រុមការងារខ្វះ សមត្ថភាពក្នុងការដោះស្រាយ ជាមួយនឹងភាពធ្ងន់ធ្ងរ នៃការវាយប្រហាររបស់ អ៊ីស្រាអែលដែលកំពុងបន្ត” ។

រថក្រោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានឈានទៅដល់តំបន់ Sabra ហើយការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ ត្រូវបានគេរាយការណ៍ពាស ពេញទីក្រុង។ Al Jazeera បានដកស្រង់ប្រភពវេជ្ជសាស្ត្រដែលនិយាយថាមនុស្សយ៉ាងតិច ៥១ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្នុងនោះមាន ២៧ នាក់នៅទីក្រុងហ្គាហ្សា និង ២៤ នាក់ផ្សេងទៀតដែលកំពុងស្វែងរកជំនួយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top