មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តមន្ត្រីនគរបាល ដែលទើបបញ្ចប់ វគ្គបណ្តុះបណ្តាល ត្រូវបម្រើជាតិ និងពលរដ្ឋ ដោយភាពស្មោះត្រង់

កំពង់ស្ពឺ ៖ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្ត្រីនគរបាល ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវ: នគរបាលជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ឱ្យបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់។
ការលើកឡើងរបស់ លោក រដ្ឋលេខាធិការ ក្នុងឱកាសសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រដល់សិស្ស នគរបាលជ័យលាភីចំនួន ៣១៧នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាល ដោយជោគជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅសាលានគរបាលជាតិភូមិភាគ ៣ខេត្តកំពង់ស្ពឺ។

លោក រដ្ឋលេខាធិការ បានលើកឡើងទៀតថា ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់យកវិស័យអាទិភាពគន្លឹះ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍជាតិ និងឆ្លើយតបទៅនឹងបរិបទថ្មីនៃបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល។

លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃត្រូវធ្វើការជ្រើសរើសមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីបីប្រភេទជារៀងរាល់ឆ្នាំ ដើម្បីបំពេញជួសមន្រ្តីឬគ្រូនគរបាលជាតិដែលចូលនិវត្តន៍ ទទួលមរណភាព ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ការបាត់បង់សមត្ថភាពការងារ និងការផ្ទេរចេញ។

លោក រដ្ឋលេខាធិការ បានថ្លែងការកោតសរសើរដល់ប្អូនៗជាមន្ត្រីនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធន៍ ពង្រឹងនិងពង្រីក ចំណេះដឹងឱ្យកាន់ តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវ បានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ ៕


