ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសថា ការបង្ហោះប្រធានវិញ្ញាសា លើបណ្តាញសង្គមនានា ជាអំពើហាមឃាត់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការហាមឃាត់ ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥។

ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ដូចខាងក្រោម ៖

១-មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសា នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ តាមគ្រប់ រូបភាព ដើម្បីបង្ហោះចែកចាយ នៅតាមបណ្តាញសង្គមនានា ។

ផ្ទាំងពាណិជ្ជកម្ម

២- ការបង្ហោះប្រធានវិញ្ញាសា លើបណ្តាញសង្គមនានា ជាអំពើហាមឃាត់។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ ។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕

To Top