មន្រ្តីជាន់ខ្ពស់ជប៉ុន ជួបរដ្ឋមន្រ្តីកម្ពុជា៣រូប ពិភាក្សារឿងជម្លោះព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ លោក សឺហ្សឺគី ហ៊ីដេអូ ឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានជួបរដ្ឋមន្រ្តីកម្ពុជា៣រូប ដើម្បីពិភាក្សារឿងជម្លោះព្រំដែន កម្ពុជា-ថៃ។

រដ្ឋមន្រ្តីកម្ពុជាទាំង៣រូប រួមមាន លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និង លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។
បើតាមស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានអោយដឹងថា ក្នុងជំនួបទាំងនោះ លោក សឺហ្សឺគី បានលើកទឹកចិត្តកម្ពុជា ដើម្បីធ្វើការបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សន្តិភាព ស្ថិរភាព និងការតភ្ជាប់ក្នុងតំបន់ ហើយការបើកឱ្យមានដំណើរការ ដឹកជញ្ជូនតាមព្រំដែន ក៏មានសារៈសំខាន់ផងដែរ ក្នុងការតភ្ជាប់តំបន់មេគង្គ ។

លើសពីនេះ ឯកអគ្គរាជទូត សឺហ្សឺគី ក៏បានបង្ហាញពីគោលបំណងរបស់ប្រទេសជប៉ុន ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងផ្តល់កិច្ចសហប្រតិបត្តិការ តាមតែអាចធ្វើទៅបាន ដែលក្នុងនោះរួមទាំងការអនុវត្ត ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលបានដាក់ចេញនាពេលថ្មីៗនេះផងដែរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅប្រទេសកម្ពុជា ឯកអគ្គរាជទូត សឺហ្សឺគី ក៏បានចាកចេញទៅប្រទេសថៃ ដើម្បីបន្តបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរទស្សនៈជាមួយភាគីពាក់ព័ន្ធ ៕
