ក្រសួងអប់រំ ៖ បេក្ខជនទាំងអស់ ត្រូវមានភាពក្លាហាន អារម្មណ៍នឹងន និងប្រុងប្រយ័ត្នក្នុងពេលប្រឡង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវមានភាពក្លាហាន អារម្មណ៍នឹងន ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ប្អូនៗជាបេក្ខជនទាំងអស់ជាទីស្រឡាញ់ ថ្ងៃស្អែក គឺជាថ្ងៃចាប់ផ្តើមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ សូមប្អូនៗទាំងអស់រំលឹកមេរៀន ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ សម្រាកឱ្យបានគ្រប់គ្រាន់ ក្រោកពីព្រលឹម រក្សាសុវត្ថិភាពចរាចរណ៍ ទៅមណ្ឌលឱ្យបានទៀងម៉ោង ខិតខំថែរក្សាអនាម័យ និងសុខភាពឱ្យបានល្អ ជាពិសេសទទួលទានអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់ ប្អូនៗត្រូវមានភាពក្លាហាន អារម្មណ៍នឹងន ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង»។
ជាមួយគ្នានេះ ក្រសួង បន្ដថា បេក្ខជនទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរទៅ និងមក មណ្ឌលប្រឡង។ ក្រសួង ថា «សូមជូនពរប្អូនៗ ជាបេក្ខជនទាំងអស់ ទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងគ្រប់ៗគ្នា»។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕
