ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ៖ បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដណ្តើមបាននិទ្ទេសA នឹងទទួលបានរង្វាន់ លើកទឹកចិត្ត

កំពង់ស្ពឺ ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ នឹងផ្តល់រង្វាន់ដល់បេក្ខជន ទាំងឡាយណាដែលទទួលបាននិទ្ទេសA នៅក្នុងការប្រឡង សញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥ នាសម័យប្រឡង ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។

ការលើកឡើងដូចនេះ ពេលដឹកនាំក្រុមការងារនៃមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ កាត់បើកវិញ្ញាសារប្រឡង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងនៃវិទ្យាល័យកំពង់ស្ពឺ។

លោក អភិបាលខេត្ត បានលើកឡើងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹង ដែលបានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ដើម្បីឈានចូលទៅបន្តការសិក្សានៅកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត ដូច្នេះត្រូវខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យការប្រឡងនេះបានជាប់គ្រប់ៗគ្នា។

ផ្ទាំងពាណិជ្ជកម្ម

ពិសេសជាងនេះ ត្រូវអនុវត្តឱ្យបានតាមការណែនាំ របស់ក្រសួងអបរំ យុវជន និងកីឡា ដោយគោរព ឱ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន (អ្នកចេះគឺជាប់)។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ បានរៀបចំឱ្យមានមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ដែលមានបន្ទប់ប្រឡងចំនួន ២៣៦បន្ទប់ និងមានបេក្ខជនប្រឡងចំនួន ៥៨៤៥នាក់ (ស្រីចំនួន៣៣០៧នាក់)។

ចំពោះការងារសន្តិសុខមានលក្ខណៈល្អប្រសើរ ដោយកម្លាំងសមត្ថកិច្ចទាំងពីរប្រភេទមាន កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ នៅឈរយាមកាមយ៉ាង ប្រុងប្រយ័ត្នបំផុត ជាមួយនិងក្រុមគ្រូពេទ្យកំពុងប្រុងជើងការ ក្នុងការសម្រួល និងសង្គ្រោះបេក្ខជន ដែលមានបញ្ហាសុខភាពក្នុងពេលប្រឡង៕

To Top