សម្តេចធិបតី ជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់”

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ពោលក្នុងថ្ងៃដែលដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ថ្ងៃទី១បានចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនពរ ឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” ។

តាមរយៈបណ្តាញសង្គម សម្តេចធិបតី បានជូនពរថា សូមជូនពរឱ្យក្មួយបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណៈយ៉ាងសកម្ម នៃការសិក្សាពេញមួយឆ្នាំកន្លងមក បូករួមនឹងការចាប់ផ្តើម ពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។

ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏សូមជូនពរ ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារ នៃគណៈកម្មាធិការរៀបចំការប្រឡង, អាជ្ញាធររាជធានី-ខេត្ត និងគ្រប់លំដាប់ថ្នាក់, អ្នកសង្កេតការណ៍ប្រឡង និងអ្នកស្ម័គ្រចិត្តទាំងអស់ សូមប្រកបដោយភាពជោគជ័យ និងសម្រេចភារកិច្ចជូនជាតិរបស់យើង ក្នុងការរៀបចំការប្រឡងនេះ ដើម្បីទទួលបានធនធានបន្តវេនយ៉ាងមុតស្រួច សម្រាប់ចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងផលប្រយោជន៍ថ្មីៗបន្ថែមទៀតផងដែរ៕











