ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ស.ស.យ.ក ចូលរួមសម្របសម្រួលដល់ការប្រឡងបាក់ឌុប ដើម្បីធានាថា «ចេះគឺជាប់»

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស.ស.យ.ក តែងតែចូលរួមសម្រប សម្រួលដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដើម្បីធានាថាដំណើរ ការប្រឡងបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេសគឺការធានាបាននូវគោលការណ៍ «ចេះគឺជាប់»។

ក្នុងឱកាសអមជាមួយបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បើកវិញ្ញាសាការប្រឡងបាក់ឌុបនាសម័យប្រឡង២៨-២៩ សីហា ២០២៥ លោក ហ៊ុន ម៉ានី ថ្លែងថា ចាប់ពីឆ្នាំ២០១៤ ជារៀងរាល់ឆ្នាំ ស.ស.យ.ក. តែងតែចូលរួមជាមួយក្រសួងអប់រំ សម្របសម្រួលដល់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាថាដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេសគឺការធានាបាននូវគោលការណ៍ «ចេះគឺជាប់»។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ក្នុងនោះសមាជិក សមាជិការបស់ ស.ស.យ.ក. នៅទូទាំងប្រទេស ក៏បាននិងកំពុងចូលរួមជួយ សម្របសម្រួលដល់ បេក្ខជនប្រឡង ដែលមានសកម្មភាពផ្សេងៗដូចជា រៀបចំកន្លែងផ្ញើកង់ ម៉ូតូ ឥតគិតថ្លៃ ជួយរៀបចំទីកន្លែងស្នាក់នៅ ចែកទឹកសុទ្ធ និងភេសជ្ជៈជាដើម ។ កាយវិការ និងទឹកចិត្តទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីស្មារតីយកចិត្តទុកដាក់ ក៏ដូចជាការចូលរួមចំណែករបស់ សមាជិក សមាជិកា ក្នុងការងារសង្គមលើគ្រប់វិស័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន១៤៦ ៧២០នាក់ ។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ ៕

To Top