សម្តេចតេជោ៖ ការចូលជាសមាជិកអាស៊ាន របស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ានទេ

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នាថ្ងៃ២៨ សីហានេះ សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាបានលើកឡើងថា ការចូលជាសមាជិកអាស៊ានទី១១របស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ាននោះទេ ។ ទីម័រឡេស្តេ នឹងចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៅអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្តេចតេជោ ។
ការលើកឡើងមិនមែនជាបន្ទុកអាស៊ានពីសំណាក់សម្តេចតេជោនេះ ដោយសារសម្តេចបានអះអាងថា នៅពេលដែលកម្ពុជាចូលជាសមាជិកអាស៊ាន ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានប្រាក់ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ ក្នុងខណៈបច្ចុប្បន្នប្រជាពលរដ្ឋទីម័រឡេស្តេម្នាក់ៗមានប្រាក់ចំណូលប្រមាណ ១ ៤៥៣ដុល្លារ។ ដូច្នេះនេះមិនមែនជាបន្ទុកនោះទេ ។
ជាមួយគ្នានេះ សម្តេចតេជោ បានបន្តរំលឹកអំពីកិច្ចខិតខំប្រឹងប្រែង និងបទពិសោធរបស់កម្ពុជាដើម្បីចូលជាសមាជិកអាស៊ាន ហើយរហូតមកទល់នឹងពេលនេះ ទីម័រឡេស្តេ បានប្រើពេល ១៤ឆ្នាំ ក្នុងការរង់ចាំក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា បើទោះបីសម្តេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី សម្តេចមានមោទនភាពដែល កម្ពុជាបន្តខិតខំប្រឹងប្រែងចលនាដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រឡេស្តេចូលសមាជិកពេញសិទ្ធិអាស៊ាន។
សម្តេចតេជោ សង្ឃឹមថា ទីម័រឡេស្តេ នឹងទទួលបានកិច្ចសហប្រតិបត្តិការជាច្រើនទៀត បន្ទាប់ពីចូលជាសមាជិកអាស៊ាន៕


