ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា ស្នើលោក ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃ ដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកស្រី បេត វ៉ាន់ ដាញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព ចង់ការពារសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាតិទំាងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន នៅឆ្នាំ២០៣០ និងឆ្នាំ២០២៥០។

តាមរយៈសមាជិកសភាសហរដ្ឋអាមេរិក សម្តេច ប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណជាថ្មីទៀត ជូន លោកប្រធានាធិបតី ដូណាល់ ត្រាំ និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជានិងថៃ សម្រេចបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ បានជួយសង្រ្គោះអាយុជីវិតពលរដ្ឋ រាប់ម៉ឺននាក់ នៅក្នុងប្រទេសទំាងពីរ។

លោកស្រី បានគូសបញ្ជាក់ថាមុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី ក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឃើញថាប្រជាពលរដ្ឋប្រទេសទំាងពីរត្រូវការសន្តិភាព និងស្រឡាញ់សន្តិភាពដូចគ្នា។

ផ្ទាំងពាណិជ្ជកម្ម

សម្តេច ប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ បានហែលឆ្លងទុក្ខវេទនា វិនាសកម្មពីសង្រ្គាមច្រើនណាស់មកហើយ ដូច្នេះមិនចង់ឃើញសង្គ្រាមទៀតឡើយ។ ដោយគិតគូរពីអាយុវជីវិតពលរដ្ឋនិងសុខសន្តិភាព ជាអាទិភាព គ្រាន់តែមានការឈ្លានពានពីប្រទេសថៃភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតសូមអន្តរាគមន៍ពី លោកមប្រធានាធិបតីអាមេរិក ស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមដល់ពលរដ្ឋទំាងសងខាង។

ឆ្លើយតបការអន្តរាគមន៍ដ៏មានតម្លៃរបស់ លោក ប្រធានាធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំពានរង្វាន់ណូបែលសន្តិភាព ជូនលោក ប្រធានាធិបតីអាមេរិក។ នៅក្នុងលិខិតផ្ញើជូនសម្តេចធិបតី វិញ លោក ដូណាល់ ត្រាំ បានវាយតម្លៃថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព និងបានគូសបញ្ជាក់ពីមោទនភាពរបស់ឯកឧត្តម ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ សំដៅបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់៕

To Top