១០ថ្ងៃ នៃយុទ្ធនាការក្រសួងការងារ បានចុះតាមរោងចក្រ ១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅជូនពលករដែលទើបត្រឡប់មកពីថៃ

ភ្នំពេញ៖ ក្នុងយុទ្ធនាការរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះទៅតាមរោងចក្រសហគ្រាស ចំនួន១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅដល់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃវិញ។
តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១ ៥៦៩ ស្មើនឹងកម្មករនិយោជិតសរុប ១ ០០៨ ៣៨០នាក់។
សូមជម្រាបថា ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។
នាឱកាសចុះទៅនោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រដល់បងប្អូនពលករ។
ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងបានប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការបំពេញបេសកកម្មនេះ។
ក្នុងនោះដែរ ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ ពួកគាត់ បានលើកឡើងថា ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន៕



















