ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ នាថ្ងៃទី១ នៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅ ដោយរលូនល្អ ខណៈបេក្ខជនអវត្តមាន ចំនួន ១ ៨១៣នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ដំណើរការសំណេរ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ ខណៈនៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៨១៣នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែកនារសៀលថ្ងៃទី១នេះមាន២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម)។

បើទោះបីមានភ្លៀងធ្លាក់នៅរាជធានីខេត្តចំនួន៨ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ និងដោយអន្លើនៅខេត្តកំពង់ចាម ប៉ុន្តែដំណើរការសំណេរ នៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

បេក្ខជន បានគោរពបទប្បញ្ញត្តិ នៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ ចូលមណ្ឌលប្រឡងឡើយ តែមានករណីដកទូរសព្ទពីបេក្ខជនមានចំនួន១ករណីនៅក្នុងខេត្តសៀមរាប។ គណៈមេប្រយោគប្រព្រឹត្តបទល្មើស និងត្រូវបានធ្វើរបាយការណ៍ពិសេសចំនួន២ករណី។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៨១៣នាក់ (ស្រី៧២៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៨៣នាក់ (ស្រី៥៧៥នាក់) បេក្ខជនចំណេះទូទៅចំនួន៣៣០នាក់ (ស្រី១៥១នាក់)។ បេក្ខជនដែលមានបញ្ហា សុខភាព ៨៥នាក់ ហើយដាក់ឱ្យប្រឡងដាច់ដោយឡែក២៦នាក់ ហើយបានបន្តការប្រឡង ក្រោមការយកចិត្តទុកដាក់ មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ បេក្ខជនដែលបោះបង់ការប្រឡង ដោយសារបញ្ហាសុខភាពមានចំនួន២នាក់។ នៅថ្ងៃនេះបេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព៣៥នាក់។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជន ប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារ ឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

ដោយសារបញ្ហាព្រំដែន សម្រាប់បេក្ខជនមកពីខេត្តឧត្ដរមានជ័យ ត្រូវបានរៀបចំការប្រឡងនៅស្រុកពួក ខេត្តសៀមរាប ដែលមានចំនួន៣មណ្ឌល សរុប៧២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ១៣បន្ទប់ វិទ្យាសាស្ត្រសង្គមចំនួន៥៩បន្ទប់។ សម្រាប់បេក្ខជនប្រឡងមកពីខេត្តឧត្ដរមានជ័យ និងព្រះវិហារ ចំនួន៦នាក់ដែលបានមកប្រឡងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ ពោធិ៍សាត់ និងបាត់ដំបង មានវត្តមានក្នុងការប្រឡងធម្មតា ដោយទទួលបានថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់៕

To Top