ឈ្វេងយល់ ពីគោលនយោបាយការបរទេសកម្ពុជា រវាងចិន និងសហរដ្ឋអាម៉េរិក !

ភ្នំពេញ៖ លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត បានលើកឡើងជាទស្សនៈចំនួន៥ចំនុច ក្នុងការឈ្វេងយល់ ពីគោលនយោបាយការបរទេសកម្ពុជា រវាងចិននិងសហរដ្ឋអាម៉េរិក។

ទស្សនៈទាំង៥ចំនុចរួមមាន៖
១.មានទស្សនៈមួយចំនួន ចង់ឱ្យអាម៉េរិក ដាក់មូលដ្ឋានយោធានៅលើទឹកដីកម្ពុជា ! ឆ្លងតាមបទពិសោធសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ នូវខ្លឹមសារមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញគឺមិនអនុញ្ញាត ឱ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ។

២.ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ឱ្យតែកម្ពុជាអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីកម្ពុជា គឺពេលនោះហើយដែលកម្ពុជា ជួបមហន្តរាយម្តងទៀត ! កុំឆាប់ភ្លេចពេក នៅទសវត្សរ៍ឆ្នាំ១៩៦០ កម្ពុជាបានឱ្យកងទ័ពវៀតកុង ដាក់មូលដ្ឋានយោធា នៅលើទឹកដីកម្ពុជា ធ្វើឱ្យកម្ពុជាក្លាយទៅជាសត្រូវរបស់អាម៉េរិក ពេលនោះមហាអំណាចមួយអូសទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមវៀតណាម មហាអំណាចមួយទៀត បានរុញច្រានកម្ពុជាឱ្យធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម ចុងបញ្ចប់មហាអំណាចទាំងពីរ ទុកឱ្យកម្ពុជាហែលឆ្លងមហន្តរាយនៃរបបវាលពិឃាត។

៣.ឆ្លងតាមបទពិសោធនេះ កម្ពុជាបច្ចុប្បន្នបានចាត់ទុកចិនដូចជាម្តាយ អាម៉េរិកដូចជាឪពុក ដែលមិនអាចខ្វះមួយណាបានឡើយ ! ដូច្នេះនយោបាយការបរទេសកម្ពុជាក្នុងទំនាក់ទំនងការទូតរវាងចិន និងអាម៉េរិក ពុំមែនដើម្បីទប់ទល់ជាមួយប្រទេសជិតខាងនោះទេ គឺគោលដៅអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន ដែលចិនជាអ្នកផ្តល់ជំនួយនិងទុនវិយោគ ហើយអាម៉េរិក ជាអ្នកផ្តល់ជាទីផ្សារ។

៤.បច្ចុប្បន្នកម្ពុជាគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ជាចំណុចតភ្ជាប់នៃមហាអនុតំបន់មេគង្គរវាងវៀតណាម, ថៃ និងឡាវ ដូច្នេះក្រុមប្រទេសមហាអំណាចកំពុងសម្លឹងមើលកម្ពុជាដោយយកចិត្តទុកដាក់ ព្រមទាំងកំពុងពង្រីកឥទ្ធិពលរៀងៗខ្លួនជា Soft Power រួមមានអាម៉េរិក, ចិន និងជប៉ុន។ មហាអំណាចណាដែលមានឥទ្ធិពលមកលើកម្ពុជា គឺមានឥទ្ធិពលទៅលើមហានុទំបន់មេគង្គទាំងមូល នេះជាចំណុចយុទ្ធសាស្ត្ររបស់កម្ពុជា។

៥.ដូច្នេះយុវជនកម្ពុជា ត្រូវចាប់យកឱកាសមាសនេះឱ្យបានតាមរយៈការពង្រឹងនិងពង្រីកចំណេះជំនាញបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ព្រោះពិភពលោកបច្ចុប្បន្នត្រូវបានគ្រប់ដណ្តប់ដោយបច្ចេកវិទ្យា ហេតុនេះហើយទើបសម្តេចតេជោ បានផ្តល់អាហារូបករណ៍ចំនួន ១លាន៥សែននាក់ដល់យុវជនឱ្យសិក្សាលើជំនាញបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ទើបអាចទាក់ទាញវិនិយោគពីប្រទេសទាំង៣នេះបាន ។
លោក ឥន សុផល បញ្ជាក់ថា ព័ត៌មានលម្អិតមាននៅក្នុងសៀវភៅ “កម្ពុជា ក្រោមសម្ពាធនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ! ចំណាយពេលអានឱ្យបានច្រើនតិចទៅកុំឱ្យ IQ ទាបដូចអ្នកជិតខាង ! បំណងល្អចុងសប្តាហ៍ និងចុងខែសីហា ២០២៥ !៕
