ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ ប្រឡងឆ្នាំនេះ ប្រព្រឹត្តិទៅក្នុងលក្ខណៈពិសេស ខណៈកម្ពុជា កំពុងមានវិបត្ត ជម្លោះព្រំដែន ជាមួយថៃ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ ប្រព្រឹត្តិទៅក្នុងលក្ខណៈពិសេស ខណៈកម្ពុជាកំពុងមានវិបត្ត ជម្លោះព្រំដែនជាមួយប្រទេសថៃ ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពរៀន និងបង្រៀននៅសាលារៀនជាប់ព្រំដែន និងសតិអារម្មណ៍របស់បេក្ខជនប្រឡង។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុប និងវាយតម្លៃដំណើរការ សំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់លើដំណើរការសំណេរទាំងពីរថ្ងៃ ដែលពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ ដោយគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយបទពិសោធ ហើយចំពោះទិដ្ឋភាពរួម បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ការប្រឡងឆ្នាំនេះប្រព្រឹត្តិទៅក្នុងលក្ខណៈពិសេស ខណៈកម្ពុជាកំពុងមានវិបត្តជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពរៀននិងបង្រៀននៅសាលារៀនជាប់ព្រំដែន និងសតិអារម្មណ៍របស់បេក្ខជនប្រឡងទាំងអស់ ហើយក៏សូមយកឱកាសនេះ ថ្លែងអរគុណជាថ្មីដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្របេក្ខជនដែលរងប៉ះពាល់ ឱ្យមានឱកាសបានចូលរួមប្រឡងរយៈពេល២ថ្ងៃមកនេះដោយរលូន»។

ផ្ទាំងពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការណ៍ទាំងអស់ ដែលបានផ្ដល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ជាផ្នែកមួយដ៏សំខាន់ជំរុញឱ្យដំណើរការនៃការប្រឡងឆ្នាំនេះប្រព្រឹត្តទៅដោយរលូន និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមមតិយោបល់ និងចែករំលែកបទពិសោធជួបផ្ទាល់ក្នុងអំឡុង ២ថ្ងៃនៃដំណើរការសំណេរកន្លងមកនេះ ពីសំណាក់អ្នកពាក់ព័ន្ធនឹងដំណើរការប្រឡងពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តកែលម្អយន្តការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ឆ្លើយតបនឹងគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ហើយក្នុងរយៈពេល ២ថ្ងៃនៃការប្រឡង បេក្ខជនអវត្តមានសរុប ១,៨៧២នាក់ ស្មើនឹង១,២៧ ភាគរយ នៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់ និងបេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ផ្សព្វផ្សាយតាម បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕

To Top