សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។


សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា។



ស្របពេល នៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមាន លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី។


ជាមួយនេះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀត ដែលនឹងអញ្ជើញចូលរួម ពិធីរំលឹកខួបនេះផងដែរ៕

