ព័ត៌មានជាតិ

សម្ដេចធិបតី អរគុណមិត្តចិត្ត ដែលតែងតែគាំទ្រកម្ពុជា ពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ម្ចាស់ការ ក្នុងការការពារអធិបតេយ្យជាតិ

ភ្នំពេញ៖ នៅចំពោះមុខ លោក វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង អរគុណមិត្តចិត្ត ដែលតែងតែគាំទ្រកម្ពុជា ពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការ ក្នុងការការពារអធិបតេយ្យជាតិ។

ក្នុងជំនួបទ្វេភាគី ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង ហូនឹង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។លោកបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ លើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួល សភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ លោកក៏បានបន្ថែមថា ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ។

ជាការឆ្លើយតប សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានពូនជ្រុំជាយូរមកហើយ និងត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកាលពីខែមេសាកន្លងទៅ ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រកម្ពុជាជាពិសេសការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការដោយខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

ចំពោះស្ថានភាព ព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតីបានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ពាក់ព័ន្ធនឹង ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។

មុននឹងបញ្ចប់ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា ចិននឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ៕

To Top