ព័ត៌មានជាតិ

ម៉ាឡេស៊ី បង្ហាញជំហរគាំទ្រ ការបង្កើនភាព បៃតងនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើថ្នាលតំបន់ របស់ក្រសួងបរិស្ថាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងចាប់អារម្មណ៍ យុទ្ធនាការ«ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើន ជារៀងរាល់ឆ្នាំនៅកម្ពុជា។

លោក បានថ្លែងវាយតម្លៃខ្ពស់និងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួអបរិស្ថា បានបង្កើតជាថ្នាលបណ្តុះកូនឈើខ្នាតតំបន់ មួយចំនួន បន្ថែមទៀត ដែលសង់ឡើងដោយមានហេដ្ឋារចនាសម្ព័ន្ធ ថ្នាល់បណ្តុះកូនឈើ សង់ឡើងជាជួរ មានសោភ័ណភាព និងមានការគ្រប់គ្រង ប្រកបដោយនិរន្តរភាព ជាពិសេសបានបំពាក់ប្រព័ន្ធស្រោចស្រព ដោយការប្រើប្រាស់ថាមពលសូឡា។

លើសពីនេះ លោក បានបញ្ជាក់ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា និងបំណងគាំទ្រចែករំលែកជំនាញ និងធនធានជួយដល់វិស័យបរិស្ថាន។ ការបង្កើនការបណ្តុះកូនឈើនៅកម្ពុជា។ លោក ឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ម៉ាឡេស៊ីមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបរិស្ថានរួមគ្នា ដោយក្នុងនោះមានការចែករំលែកបទពិសោធន៍ជំនាញ និងបច្ចេកទេស ដើម្បីឱ្យការបណ្តុះកូនឈើ បានច្រើ់នបន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដែលបានមកបំពេញទស្សនកិច្ច នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលក្រសួងបង្កើតឡើង ដើម្បីជំរុញចលនាបណ្តុះ និង កាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើន ជារៀងរាល់ឆ្នាំនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២ បានលើកឡើង«ភាពបៃតង»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅឆ្នាំ២០២៥ បានកូនឈើសរុបចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន១៤៦ ៣៣២ ដើម, ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម៕

To Top