ធនាគារពិភពលោក ផ្តល់ជំនួយថ្មីចំនួន ១០០លានដុល្លារ សម្រាប់កែលម្អ ការអប់រំកុមារតូច នៅកម្ពុជា

ភ្នំពេញ ៖ កុមារកម្ពុជាជាង១.៧លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នកទទួលបានប្រយោជន៍ ពីការកែលម្អការអប់រំ នៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោក បានអនុម័តគម្រោង កែលម្អការអប់រំកម្រិតមូលដ្ឋាន នៅប្រទេសកម្ពុជានៅថ្ងៃនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះ។
ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយ សម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund) គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាន នៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។
លើសពីនេះ គម្រោង ក៏នឹងពង្រីកលទ្ធភាព ទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាព នៃការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «គម្រោងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើមូលធនមនុស្ស និងធានាថា កុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះ សម្រាប់អនាគតមួយដែលកាន់តែមានភាពធន់ និងវិបុលភាពជាងមុន»។
លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា «កំណើនវែងឆ្ងាយទៅមុខរបស់កម្ពុជា អាស្រ័យលើភាពរឹងមាំ នៃមូលធនមនុស្សរបស់ប្រទេសនេះ។ គម្រោងនេះ នឹងជួយធានាថា កុមារទទួលបានជំនាញ មូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេច ជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត»។
សូមបញ្ជាក់ថា គម្រោងនេះ នឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារ សាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយ ដែលកំពុងធ្វើការឱ្យមានលទ្ធភាព ទទួលបាននូវសេវាថែទាំ កុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀម លក្ខណៈសម្រាប់ចូលរៀន នៅកម្រិតបឋមផងដែរ៕
