លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ព ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ

កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំគណៈប្រតិភូ អមដំណើរដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្ត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន៧២៨ គ្រួសារ ក្នុងក្រុង/ស្រុកទាំង៩ ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥ ។
ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង/ស្រុក និងក្រុមគ្រួសារកងទ័ព ជាច្រើនទៀត ។

ឆ្លៀតក្នុងឪកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ អំពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន រួមនឹង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរពីសុខទុក្ខគ្រួសារ កងទ័ព ដែលឈរជើង តាមខ្សែបន្ទាត់ព្រំដែន ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តទៀតថា កម្ពុជាបានរងនូវការឈ្លានពានទឹកដីពីសំណាក់ទាហានសៀម ហើយបានប៉ះទង្គិចគ្នា ធ្វើឱ្យវីរៈកងទ័ពជួរមុខរបស់យើង រងរបួសនិងពលីជីវិត ប៉ុន្តែភាពខ្លាំងអង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរព ពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល និងចងចាំជានិច្ចនូវវីរៈភាពរបស់វីរៈកងទ័ពរបស់យើង នៅក្នុងពេលវេលាដ៏លំបាកនេះ មានតែកម្លាំងសាមគ្គីផ្ទៃក្នុង ឱ្យបានរឹងមាំ និងជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសន្តិភាពធានា ឱ្យបានមិនឱ្យបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រ និង កងកម្លាំងជួរមុខបន្តអត់ធ្មត់ឱ្យបានខ្ពស់បំផុតក្នុងការប្រឈមមុខជាមួយ និងចោរឈ្លានពានសៀម លោកក៍ថ្លែងអំណរគុណ ចំពោះការលះបង់របស់វិរៈកងទ័ព ដែលបានឈរជើងដ៏រឹងមាំមកដល់ពេលបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ផងដែរថា៖ លោកឧបនាយករដ្ឋមន្ត្រីបាននាំយកអំណោយ ជូនដល់ក្រុមគ្រួសារជួរមុខ ចំនួន៧២៨ គ្រូសារ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងនោះក្នុងមួយគ្រួសារទទួលបាន អង្ករ ,ទឹកត្រី ,ទឹកសុីអុីវ ,មី ត្រីខ, រួមទាំងថវិកាមួយចំនួនទៀតផងដែរ ៕
ដោយ៖ សុខ សុភ័ណ្ឌ/កំពង់ស្ពឺ/ដើមអម្ពិល


