កម្ពុជា-ចិន ឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសបច្ចេកវិទ្យា រួមមានការឆបោកតាមអ៊ីនធឺណែត និងឧក្រិដ្ឋកម្មឆ្លងដែន ផ្សេងទៀត។
ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់កំរិតទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែខ្ពស់ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានសន្យាបន្តរួមគ្នាធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យភាពជាដៃគូរវាងប្រទេសទាំងពីរទទួលបានផលប្រយោជន៍ជាក់ស្ដែង សម្រាប់ប្រជាជនទាំងពីរ និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕
