ព័ត៌មានជាតិ

សម្តេចតេជោ ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺ ជាការរំលឹកនិងការចងចាំ អំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធ ដើម្បបុព្វហេតុយុត្តិធម៌ ។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យ សម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច ។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើម នៃយុគសម័យថ្មី ដែលកំណត់ ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិ របស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែ សម្រាប់ប្រជាជនវៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួម ទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូ ដើម្បីឯករាជ្យ ពីអាណានិគមនិយម ហើយការប្រារព្ធពិធីនេះ ក៏ជាឱកាសសម្រាប់វៀតណាមរំលឹក និងតបស្នងសងគុណដល់គុណបំណាច់ ដែលមិនអាចកាត់ថ្លៃ បានរបស់ថ្នាក់ដឹកនាំជើងចាស់វីរយុទ្ធជនពលីជនរួមជាតិ និងសមមិត្តរបស់វៀតណាមដែលបាន ប្រយុទ្ធលះបង់ និងពលីជីវិតសម្រាប់ ឯករាជ្យ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពិធីដ៏មហោឡាឬកនេះ ក៏មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខសាធារណៈរបស់វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែក កងទ័ពបរទេសចំនួន៣ប្រទេស ក៏បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី , កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ បក្សកុម្មុយនីស្តវៀតណាមដែលមានលោក តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំរដ្ឋាភិបាល និងប្រជាជនវៀតណាម បានដាក់ចេញទិសដៅសហស្សវត្សរ៍ ចំនួនពីរដែលនឹងត្រូវសម្រេចឲ្យបាននាពេលអនាគតគឺ ៖ ទី១-ក្លាយជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងទី២- ជាប្រទេសសង្គមនិយមដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដើម្បីលើកស្ទួយកិត្យានុភាព និងតួនាទីរបស់វៀតណាម នៅលើឆាកតំបន់និងអន្តរជាតិ ៕

To Top