ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ជំរុញឱ្យសង្គមស៊ីវិល អង្គការដៃគូនៅកម្ពុជា សហការផ្ដល់ព័ត៌មាន របស់ពលករ ដែលមិនទាន់មានការងារធ្វើមកក្រសួង

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២ ខែកញ្ញានេះ បានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មាន របស់ពលករខ្មែរដែលមិនទាន់ មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូន ។
ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីការព្រួយបារម្ភចំពោះឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ “សម្រាប់ខ្ញុំស្វាគមន៍ជានិច្ច ហើយយើងចង់បានណាស់។ អង្គការសង្គមស៊ីវិលទាំងអស់ គឺជាដៃគូរបស់រាជរដ្ឋាភិបាល ដូចនេះការផ្តល់ព័ត៌មាន អំពីពលករមកកាន់ក្រសួងការងារ ដើម្បីអាចឱ្យក្រសួង ជួយសម្របសម្រួល រកការងារ ជូនពលករ គឺជាការបង្ហាញពីកិច្ចសហការដ៏ល្អ របស់សង្គមស៊ីវិល និងដៃគូរក្រៅរដ្ឋាភិបាល ក្នុងការជួយពលករ ឱ្យមានការងារធ្វើ ព្រោះនេះគឺជាកិច្ចការរួមទាំងអស់គ្នា ក្នុងនាមជាខ្មែរ មិនថាសង្គមស៊ីវិល រាជរដ្ឋាភិបាល ឬដៃគូផ្សេងទៀតនោះទេ​ “។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានរំលឹកពីវិធានការសំខាន់ៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃសៅរិ៍ និងអាទិត្យផង ក្នុងការជួយសម្របសម្រួល ជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ដោយបានដាក់ចេញវិធានការបន្ទាន់ជាង ១០ចំណុច ដើម្បីជួយពលករឱ្យមានការងារធ្វើ។

ផ្ទាំងពាណិជ្ជកម្ម

វិធានការបន្ទាន់ទាំងនោះរួមមាន៖ ការរៀបចំមណ្ឌលសំចត ឬកន្លែងទទួលពលករតាមបន្ទាត់ព្រំដែន, ការរៀបចំវេទិកាការងារឃុំចំនួន ៤០៧, ការចុះទៅតាមរោងចក្រសហគ្រាស-ក្រុមហ៊ុន ដើម្បីជំរុញឱកាសការងារដល់ពលករ និងការទទួលយកពលករដោយការយកចិត្តទុកដាក់, ការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២ ០០០នាក់ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះស្វែងរកការងារ ជូនពលករ, និងការលើកលែងឯកសារអត្តសញ្ញាណបណ្ណ ចំពោះការស្វែងរកការងារធ្វើជាដើម។

តាមរយៈវិធានការ និងការសម្រួបសម្រួលខាងលើនេះ មានពលករខ្មែរជាច្រើនម៉ឺននាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ទទួលបានការងារធ្វើជាបន្តបន្ទាប់ ហើយក្រសួងការងារ នឹងបន្តជួយសម្របសម្រួលឱ្យពលករផ្សេងទៀត ទទួលបានការងារជាបន្តបន្ទាប់ទៀតដែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

ជាមួយនឹងការជំរុញឱ្យសង្គមស៊ីវិល និងដៃគូរបស់រាជរដ្ឋាភិបាលផ្តល់ព័ត៌មានពីពលករ ដែលមិនទាន់មានការងារធ្វើហើយនោះ, លោក ស៊ុន មេសា ក៏បានអំពាវនាវសារជាថ្មីឱ្យបងប្អូនពលករខ្មែរ គួរស្វែងរកការងារនៅក្នុងស្រុកដែលមានសុវត្ថិភាព អត្ថប្រយោជន៍ច្រើនជាង ហើយប្រាក់ឈ្នួលប្រហាក់ប្រហែលនឹងប្រទេសថៃ ជាជាងប្រថុយប្រថានទៅធ្វើការងារដោយខុសច្បាប់ ដែលអាចចាញ់បោកមេខ្យល់, ខាតបង់ថវិកា, រងការកេងប្រវ័ញ្ច, អសុវត្ថិភាព និងប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេស ថែមទៀត៕

To Top