ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ មកម្ល៉េះ

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២មកម្ល៉េះក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដូច្នេះក្នុងទិសដៅបន្តវេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែកក្កដា ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល ២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព ការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា៖ ឆ្នាំ២០២៥នេះ ខណ្ឌដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់យកទីតាំងភូមិទំនប់ ឃុំស្ទឹងត្រង់ ដើម្បីប្រារព្ធ រុក្ខទិវា ៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួន ២៥០០ដើម មានដូចជា៖ បេង គ្រញូង នាងនួន ធ្នង់ ក្ងោក ត្របែកព្រៃ និងជើងគោ សម្រាប់ដាំក្នុងពិធី “ រុក្ខទិវា ” និងចែកជូនតាមអង្គភាពស្ថាប័នជុំវិញខេត្ត សាលារៀន និងប្រជាពលរដ្ឋដាំតាមមូលដ្ឋានផងដែរ។














អត្ថបទ៖ សុខ វិច្ឆ័យ / ប៉ៃលិន / ដើមអម្ពិល
រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន
