រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យសម្រេច និងចុះហត្ថលេខាលើអត្រា កំណែគ្រប់មុខវិជ្ជា នៃការប្រឡងបាក់ឌុប

ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេសកំណែ បានអញ្ជើញពិនិត្យ សម្រេច និងចុះហត្ថលេខាលើអត្រា កំណែគ្រប់មុខវិជ្ជា នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ ។

ក្នុងឱកាស នៃការចុះពិនិត្យផ្ទាល់ដល់មណ្ឌលកំណែនេះ លោកឧបនាយករដ្ឋមន្ត្រី បានត្រួតពិនិត្យលើអត្រាកំណែគ្រប់មុខវិជ្ជា និងបានឃើញទិដ្ឋភាព ជាក់ស្តែង នៃការរៀបចំវេចខ្ចប់អត្រាកំណែ ដើម្បីដឹកយកទៅដាក់ នៅតាមមណ្ឌលកំណែតាមមុខវិជ្ជា ត្រៀមសម្រាប់ដំណើរការកំណែនាថ្ងៃស្អែក ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹង របស់ប្រធាន និង អនុប្រធានមណ្ឌលកំណែ ព្រមទាំងការឃ្លាំមើល របស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ ។
ដើម្បីធានាដំណើរការ កំណែឱ្យប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹតភាព ក្រសួងដាក់ចេញនូវសេចក្តីណែនាំបច្ចេកទេស សម្រាប់គណៈកម្មការនានា ក្នុងដំណើរការកំណែ ពិសេសអ្នកកែ ដោយត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានកំណត់នៅគ្រប់ដំណាក់កាលការងារ រួមមាន៖ (១) ការកំណត់ល្បឿននៃការកែសន្លឹកកិច្ចការបេក្ខជន (២).ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ (៣) ការប្រជុំណែនាំអំពីអត្រាកំណែនិង របៀបកែ (៤) ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន (៥).ការពង្រឹងយ៉ាងម៉ឺងម៉ាត់ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះអ្នកកែ ដោយមិនអនុញ្ញាឱ្យយកចូល និងប្រើប្រាស់ទូរស័ព្ទដៃក្នុងមណ្ឌលកំណែឡើយ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ដំណាក់កាលកំណែរយៈពេល១សប្តាហ៍ គឺជាដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ។ ក្រសួងបានកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕
អត្ថបទ ច័ន្ទ វិស្សាស:
ប្រភព Moeys_cambodia
