លោក វ៉ាង វិនប៊ីន ៖ ចិន ជាប្រទេសផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលេីកឡេីងថា ប្រទេសចិន គឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសបានផ្តល់ជំនួយច្រើនជាងគេផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ាង វិនប៊ីន បានគូសបញ្ជាក់ថា “ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជាបន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ។ ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល”។

សូមរំលឹកថា លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា លោក ស៉ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌នូវថវិកាចំនួន ២០លានយ៉ន់ ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធក្នុងជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕
