ព័ត៌មានជាតិ

ចិន រៀបចំក្បួនដង្ហែព្យុហយាត្រាដ៏ធំមួយ ដើម្បីអបអរជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ

xinhua

ប៉េកាំង៖ ប្រទេសចិន ធ្វើព្យុហយាត្រាយោធាដ៏ធំមួយនៅកណ្តាលទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់ខ្លួនក្នុងសង្គ្រាមលោកលើកទីពីរ ដោយសន្យាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍន៍ដោយសន្តិភាពនៅក្នុងពិភពលោកដែលនៅតែពោរពេញដោយភាពចលាចល និងភាពមិនច្បាស់លាស់។

នៅទីលានធានអានមេន ឈរលើសំណង់ដ៏ខ្ពស់ដែលមានរាងដូចមហាកំផែង ដែលជានិមិត្តរូបនៃភាពក្លាហាន និងសាមគ្គីភាពរបស់ប្រជាជាតិចិន ក្នុងការទប់ទល់នឹងការឈ្លានពានរបស់បរទេស ដែលបំពាក់ដោយលេខដ៏ធំ “១៩៤៥” និង “២០២៥” ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានគេរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍នេះ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាការយោធាមជ្ឈិម ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថា និងពិនិត្យក្បួនដង្ហែ។ នេះនឹងជាលើកទីពីរចាប់តាំងពីឆ្នាំ ២០១៥ ដែលចិនបានធ្វើព្យុហយាត្រាយោធាដើម្បីរំលឹកដល់ជ័យជំនះដ៏លំបាកក្នុងសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

ក្បួនដង្ហែរយោធាឆ្លងកាត់ផ្លូវ Chang’an (Eternal Peace) Avenue គឺចង់ផ្ញើសារថា “យុត្តិធម៌ឈ្នះ” “សន្តិភាពឈ្នះ” និង “ប្រជាជនឈ្នះ” នេះបើយោងតាមអ្នករៀបចំ។ មេដឹកនាំបរទេសជាង ២០រូប រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង នឹងចូលរួមជាមួយលោក ស៊ី ជីនពីង នៅលើទីលានធានអានមេន ដើម្បីទស្សនាក្បួនដង្ហែនេះ។

គួរបញ្ជាក់ថា អ្នកតំណាងនៃប្រជាជនដែលបានជួយកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនចិន ក្នុងសង្គ្រាមលោកលើកទី ២ ឬសមាជិកគ្រួសាររបស់ពួកគេ – មកពីប្រទេសដូចជារុស្ស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកាណាដា – ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីដ៏ធំនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top