ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ” ជូនដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ” ជូនដល់មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ។

ថ្លែងក្នុងពិធីបើក លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹង និងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពី ការអភិវឌ្ឍសេដ្ឋកិច្ចដែលនឹងយកទៅគាំទ្រប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យចេះវិភាគនិងប្រើប្រាស់គំរូផែនការអាជីវកម្ម តាមរយៈបណ្តុះបណ្តាលផ្នត់គំនិតនៃសហគ្រិនភាព ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់ប្រជាជននៅតំបន់ជនបទ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹក ព្រមទាំងពរសព្វសាធុការពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធីទាំងមូល។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍លើកឡើងទៀតថា ក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ថែរក្សាសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថេរភាពនយោបាយលើផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល)” ។ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តនូវតួនាទី និងភារកិច្ចយ៉ាងសកម្ម លើចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះចំនួន៥ របស់ខ្លួន ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់សិក្ខាកាមដែលត្រូវចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនេះ ដែលគ្រូឧទ្ទេសនាមមានបទពិសោធន៍ លើទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តការងារ ជាក់ស្ដែងលើសហគ្រិនភាពជនបទ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សក្នុងការបង្កើតមុខរបរ ក៏ដូចជាបង្កើតសកម្មភាពសេដ្ឋកិច្ចនានា ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្មដែលធានានិរន្ដរភាពនៃកំណើនប្រាក់ចំណូលតាមគ្រួសារនៅជនបទ ព្រមទាំងជំរុញ ការលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង៕

To Top