លោក គន់ គីម៖ អាជ្ញាធរខេត្តមានជនភៀសសឹកត្រូវតាមដាន និងចុះពិនិត្យជាប់ជាប្រចាំ ក្រោយត្រឡប់ទៅលំនៅដ្ឋានវិញ

ភ្នំពេញ ៖ លោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះបានណែនាំឲ្យអាជ្ញាធរខេត្តដែលមានជនភៀសសឹក ត្រូវបន្តតាមដាន និងចុះពិនិត្យជាប់ជាប្រចាំចំពោះជនភៀសសឹកវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
បើតាមបណ្ឌិត គន់ គីម ក្នុងចំណោមប្រជាពលរដ្ឋជាជនភៀសសឹកដែលធ្លាប់ស្នាក់នៅមណ្ឌលសុវត្ថិភាពមួយចំនួនបានត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីស្ថានភាពព្រំដែនមានសភាពស្ងប់ស្ងាត់ ដើម្បីបានរៀបចំជីវភាព និងអាជីវកម្មឡើងវិញជាប្រក្រតី។ ផ្អែកតាមស្ថានភាពនៃការត្រឡប់ទៅលំនៅដ្ឋានរបស់ជនភៀសសឹក លោក គន់ គីម បានណែនាំដល់អាជ្ញាធរខេត្តត្រូវចុះតាមដាន និងពិនិត្យជាប់ជាប្រចាំពីស្ថានភាពរស់នៅរបស់ពួកគាត់ ហើយក្នុងករណីមានការស្នើសុំជំនួយណាមួយត្រូវយកចិត្តទុកដាក់ឆ្លើយតបឲ្យបានទាន់ពេលវេលា។
ដោយឡែកចំពោះ ចំពោះជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិ បណ្ឌិត គន់ គីម ក៏បានស្នើអាជ្ញាធរខេត្ត និងមន្រ្តីជំនាញចូលរួមផ្តល់ការហូបចុក និងការស្នាក់នៅឲ្យបានល្អប្រសើរ ទាំងការផ្គត់ផ្គង់ស្បៀងបបម្រុងរបស់រាជរដ្ឋភិបាល និងសម្ភារៈប្រើប្រាស់ ។ ក្នុងនោះ ក្រុមគ្រូពេទ្យប្រចាំការទាំងអស់នៅមណ្ឌលសុវត្ថិភាពក៏ត្រូវបន្តសកម្មភាពលើកកម្ពស់សុខុមាលភាព តាមរយៈការពិគ្រោះ ពិនិត្យ និងសង្គ្រោះឲ្យបានទាន់ពេលវេលាចំពោះជនភៀសសឹក ពិសេសស្រ្តី និងកុមារ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ជនភៀសសឹកក្នុងខេត្តចំនួន៤ មានចំនួន ៦,២៦២គ្រួសារ ស្មើនឹងចំនួន ២០,៦៩១នាក់ និងមានជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន៥៩៥គ្រួសារ ៕








