លោក កែវ រតនៈ៖ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវ ពុំមានប្រទេសណា ដែលមានថាមពលស្អាតច្រើនដូចកម្ពុជាទេ

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជា នៅតែជាប្រទេស ដែលមានថាមពលស្អាតខ្ពស់ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវមក ពុំមានប្រទេសណា មានថាមពលស្អាតច្រើនដូចកម្ពុជាទេ ។

ថ្លែងពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក កែវ រតនៈ បានគូសបញ្ជាក់ថា ការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យខ្នាតធំច្រើន មិនអាចឈរជើងបានទេ ប្រសិនបើមិនមានបច្ចេកវិទ្យាថ្មី (Technology) ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា មានប្រព័ន្ធស្តុកថាមពលអគ្គិសនីអាគុយ សម្រាប់បណ្តាញជាតិ ដែលឥឡូវនេះ អគ្គិសនីកម្ពុជា បានដាក់ទុនរបស់ខ្លួន រួមជាមួយដៃគូឯកជនផង ដើម្បីទ្រទ្រង់បណ្តាញជាតិ ធ្វើឱ្យលទ្ធភាពនៃការពង្រាយបណ្តាញថាមពលស្អាត និងករកើតឡើងវិញ ដែលជាថាមពលពន្លឺព្រះអាទិត្យចំពោះមុខនេះ គឺបានច្រើន ។

លោក កែវ រតនៈ មានប្រសាសន៍ថា “ដោយសារមូលដ្ឋានគ្រឹះ ដែលរៀមច្បងបានធ្វើទុកឱ្យមនុស្សជំនាន់ថ្មីនេះ បានបង្កើតនូវការអភិវឌ្ឍមួយរបត់ទៀត មួយជំហ៊ានទៀត ដើម្បីឱ្យកម្ពុជាយើង នៅតែជាប្រទេស ដែលមានថាមពលស្អាតខ្ពស់ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវមក ពុំមានប្រទេសក្នុងអាស៊ានណា ដែលមានថាមពលស្អាតច្រើនដូចកម្ពុជាទេ” ។


លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា បើគ្មានមូលដ្ឋានគ្រឹះពីមុន ក៏មិនមានឥឡូវដែរ ហើយទាំងនេះ គឺជាសមទ្ធផលរួមដែលសមាជិកអគ្គិសនីកម្ពុជាបានកសាង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ៕
