ព័ត៌មានជាតិ

ការបំពាក់មេដាយសហមេត្រី ជាសក្ខីភាពនៃការផ្តល់សារៈសំខាន់ខ្ពស់ចំពោះចំណងសាមគ្គីភាព សង្គមស៊ីវិលកម្ពុជា-ចិន

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីមានរៀបចំកម្មវិធីបំពាក់មេដាយសហមេត្រី ជូនដល់ក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថានេះជាលើកទី២ ដែលក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាបានទទួលនូវកិត្តិយសដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតនៃសង្គមស៊ីវិលប្រទេសយើងទាំងពីរ កម្ពុជា-ចិន លើបុព្វហេតុផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន។

លោកបានរំលេចពីសមិទ្ធផលជាច្រើនចាប់ពីឆ្នាំ២០១៨ ដែលមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាសម្រេចបានក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាក់ស្តែងអណ្តូងទឹកចំនួន២០០ អគារសិក្សាកម្ពស់២ជាន់មាន១២បន្ទប់ ចំនួន២ខ្នង ការអភិវឌ្ឍភូមិតាននក្លាយជាភូមិគំរូនៃការកាត់បន្ថយភាពក្រីក្រ និងគម្រោងជាច្រើនទៀត រួមជាមួយការកៀរគរកម្លាំងសង្គមស៊ីវិលនានារបស់ប្រទេសចិន ចូលរួមនៅក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺ Covid-១៩។

លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលជាដៃគូដ៏ស្មោះត្រង់ប្រកបដោយវិជ្ជាជីវៈខ្ពស់លើកិច្ចសម្របសម្រួលដល់បេសកកម្មរបស់មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងការអនុវត្តគម្រោងនានានៅក្នុងប្រទេសកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា នាថ្ងៃនេះ ការណ៍ទទួលបាននូវមេដាយពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺជាកិត្តិយសដ៏ក្រៃលែងក្នុងការបន្តលើកទឹកចិត្ត បន្ថែមទៀតដល់បេសកកម្មការងាររបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំនៅកម្ពុជា ហើយក៏ជាការបោះជំហានទៅមុនកាន់តែស្វាហាប់នៃសង្គមស៊ីវិលរបស់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន លើបុព្វហេតុមនុស្សធម៌ និងការអភិវឌ្ឍសង្គមថែមទៀតផង។ ក្រោយពេលវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ លោកក៏បានសន្យាថា លោកនឹងបន្តផ្សព្វផ្សាយពីកម្ពុជាដើម្បីរួមចំណែកទាក់ទាញវិនិយោគិនចិន ហើយជាពិសេសទេសចរជនជាតិចិនមកទស្សនាកម្ពុជាស្របតាមគោលដៅឆ្នាំទេសចរណ៍ កម្ពុជា-ចិន។

លោកស្រី Wang Yahui ដែលនឹងមកបន្តតំណែងជាប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាចាប់ពីខែកញ្ញា ឆ្នាំ២០២៥នេះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានឆន្ទៈមោះមុតក្នុងការតភ្ជាប់យ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ហើយលោកស្រីបានបង្ហាញនូវភក្តីភាពនៃការត្រៀមខ្លួនរួចជាស្រេចនៅក្នុងបេសកកម្មរួមកម្លាំងគ្នារវាងសង្គមស៊ីវិលកម្ពុជា-ចិន ក្រោមឆ័ត្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។

លោកស្រីបានបន្ថែមថា ព្រឹត្តិការណ៍នាថ្ងៃនេះ ក៏ជាពេលវេលាដ៏ប្រពៃដែលនៅរដ្ឋធានីប៉េកាំង ប្រមុខរដ្ឋនៃប្រទេសយើងទាំងពីររួមជាមួយបណ្តាប្រទេសនានាកំពុងរួមគ្នាអបអរសាទរខួប៨០ឆ្នាំថ្ងៃជ័យជម្នះលើសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីសនិយម។

គួរបញ្ជាក់ថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៧២២អនក្រ.តត ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានសម្រេចផ្តល់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទជូនលោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងមេដាយសហមេត្រីថ្នាក់អស្សឫទ្ធិជូនបុគ្គលិក ២រូបរបស់ការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាគឺលោក Xu Hongyuan និងលោកស្រី Wu Surong៕

To Top