ព័ត៌មានជាតិ

អភិបាលខេត្តកោះកុងថ្មី ប្តេជ្ញាការពារបូរណភាពទឹកដី និងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន

កោះកុង ៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងថ្មី បានប្ដេជ្ញាខិតខំលើកកម្ពស់ការថែរក្សា ការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន។

ការប្ដេជ្ញាចិត្តរបស់ លោកស្រី ឈី វ៉ា បន្ទាប់ពីប្រកាសទទួលភារកិច្ចថ្មី ជាអភិបាលខេត្តកោះកុង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពសាលាខេត្តកោះកុង។

នាឱកាសនោះ លោកស្រី អភិបាលខេត្តកោះកុងថ្មី បានគូសបញ្ជាក់ថា «ប្តេជ្ញាខិតខំលើកកម្ពស់ការថែរក្សា ការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសជិតខាង ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ការថែរក្សាការពារបង្គោលព្រំដែន ការរក្សាការពារ បរិស្ថាន ធនធានធម្មជាតិនៅតាមតំបន់ព្រំដែន និងសេចក្តីសុខសាន្ត របស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន»។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ លោកស្រី ក៏បានប្តេជ្ញាខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែល ធ្វើឱ្យប៉ះពាល់បង្កជាការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅសុខុមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា។

លោកស្រី ក៏បានប្តេជ្ញាខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលតាមរយៈកិច្ចខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់ចរាចរក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថិរភាពនយោបាយ និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា លោកស្រី ឈី វ៉ា ត្រូវបានតែងតាំង ជាអភិបាលខេត្តកោះកុង ជំនួស លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី៕

To Top