ផ្លូវខ្សែរក្រវ៉ាត់ព្រំដែន បង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋលើការប្រមូលផល ពីអនុផលព្រៃឈើ

ត្បិតផ្លូវខ្សែរក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម ភូមិសាស្ត្រខេត្តមណ្ឌលគិរីមិនទាន់ស្ថាបនារួច ១០០%តែពលរដ្ឋគឺអាចធ្វើដំណើរឬដឹកកសិផលដែលពួកគាត់ធ្វើបានយ៉ាងងាយស្រួល ចេញមកលក់លើទីផ្សារ។

ជាឧទាហរណ៍ពលរដ្ឋដែលរស់នៅឃុំប៊ូស្រា ស្រុកពេជ្រា ខេត្តមណ្ឌលគិរី ក្រោយបញ្ចប់ការងារស្រែចម្ការ និងដោយសារមានផ្លូវធ្វើដំណើរស្រួលជាងមុនផង ពួកគាត់ឆ្លៀតពេលវេលានៅសេសសល់ចូលព្រៃស្វែងរក ទំពាំង ដើម្បីលក់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្ថែម។

ការចូលកាប់ទំពាំងក្នុងព្រៃមិនសូវងាយស្រួលឡើយ ត្បិតត្រូវដើរឡើងចុះភ្នំជ្រលងដងអូរ រួចបានទំពាំងហើយត្រូវពន់រែក យកទៅកន្លែងទុកម៉ូតូឯផ្លូវក្រវ៉ាត់ព្រំដែនដើម្បីដឹកទៅលក់អោយឈ្មួញដែលឈរចាំទិញឯទីផ្សារ។

ប្រជាពលរដ្ឋម្នាក់ប្រាប់ថាតម្លៃទំពាំងបានត្រឹម៨០០៛ក្នុង១kg តែក្នុង១ថ្ងៃយើងអាចរកបានចន្លោះពី៣០ទៅ៥០kg បូកជាប្រាក់ ក៏បានគួរសមដែរ។

សមត្ថកិច្ចព្រំដែនលោក ផុន មករា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ប៊ូស្រា បានឲ្យដឹងថា ក្រោយរាជរដ្ឋាភិបាលបានកសាងផ្លូវក្រវ៉ាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្នុងស្រុកពេជ្រាដា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចេញចូលងាយស្រួល ទាំងទស្សនកិច្ចសិក្សាពីព្រំដែន និងក្នុងការប្របករបរនានា ព្រោះព្រំដែននេះមានព្រៃដែនជម្រកសម្បូរទៅដោយធនធានធម្មជាតិ ។
លោកនាយប៉ុស្តិ៍បន្តថា ក្នុងនាមលោកជាកងកម្លាំងប្រចាំការនៅព្រំដែន ពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ ដ្បិតបច្ចុប្បន្នអ្នកភូមិ អាចចេញចូលតំបន់ព្រំដែនបានងាយ ដោយពួកគាត់អាចអាស្រ័យលើការប្រមូលផលអនុផលព្រៃឈើ ហើយពេលខ្លះអាចនេសាទត្រីតាមអូរជាប់ព្រំដែនទៀតផង ។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដែនជម្រកសត្វព្រៃណាមលៀរ និងស្រែពក ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពេជ្រា ខេត្តមណ្ឌលគិរី ជាតំបន់អភិរក្សដ៏សំខាន់មួយរបស់កម្ពុជា។តំបន់ទាំងពីរនេះមិនត្រឹមតែជាជម្រកធម្មជាតិសម្រាប់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានសក្តានុពលជាច្រើនទៀតដែលគួរឲ្យកត់សម្គាល់ផងដែរ។តំបន់នេះសម្បូរទៅដោយធនធានធម្មជាតិ និងប្រភេទសត្វព្រៃកម្រជាច្រើនប្រភេទ ដូចជា ទន្សោង ដំរីអាស៊ី ខ្លាឃ្មុំ ប្រភេទបក្សីជាច្រើន និងរុក្ខជាតិព្រៃដ៏មានតម្លៃ។ ការអភិរក្សតំបន់នេះជួយរក្សា តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការពារប្រភេទសត្វដែលជិតផុតពូជ។
លោកប្រធានមន្ទីរបន្តថា ការអភិរក្សដែនជម្រកទាំងពីរនេះ គឺជារឿងចាំបាច់ណាស់ដើម្បីធានានិរន្តរភាពបរិស្ថាន និងផ្តល់អត្ថប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ការអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅប្រមូលផលអនុផលព្រៃឈើដោយមិនប៉ះពាល់ដល់បរិស្ថាន គឺជានយោបាយដ៏ល្អប្រសើរដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងអស់។ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការប្រមូលផលដូចជា ទំពាំងព្រៃ ផ្សិតព្រៃ ទឹកឃ្មុំ និង ឱសថធម្មជាតិ គឺមិនត្រឹមតែជាការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។ ការងារនេះជួយកាត់បន្ថយការពឹងផ្អែករបស់ពួកគាត់លើការកាប់ឈើខុសច្បាប់ និងបង្កើនប្រាក់ចំណូលបន្ថែមនៅពេលទំនេរពីការងារស្រែចម្ការ។លើសពីនេះទៅទៀត វាបានបង្ហាញពីភាពចុះសម្រុង និងសាមញ្ញរបស់ពួកគាត់ជាមួយធម្មជាតិ។ ការអនុវត្តន៍បែបនេះបានជួយឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបរិស្ថានធម្មជាតិ៕
ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
