ភ្នំពេញ ៖ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ។

ការវាយតម្លៃរបស់លោកបែបនេះ ក្នុងកិច្ចប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃ២ កញ្ញា ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ប្រធានក្រុមបេសកកម្ម IMF បានបង្ហាញពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល , ការអនុវត្ត អត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃ ។


បើតាមប្រធានក្រុមបេសកកម្ម IMF រូបនេះ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ និងរយៈពេលមធ្យមខាងមុខក៏ដោយ ប៉ុន្តែកម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល , ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់ , ភាពតានតឹងនៃជម្លោះព្រំដែនគោកកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម និងការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុ ជាដើម ។
លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃ កំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោល នយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។
សម្រាប់បណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ ២០២៥ បើទោះជាទំហំ និងការរំពឹងទុកសម្រាប់រយៈពេលខាងមុខនៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ ។
ទន្ទឹមនេះ បណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ឲ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាមព្រំដែនគោកកម្ពុជា-ថៃ និងពលករដែលវិលត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធ ដូចជាការបង្កើនផលិតភាព , ការលើកកម្ពស់សមត្ថភាពពលកម្ម , ការពង្រឹងអភិបាលកិច្ច , ការបង្កើនបរិយាកាសទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈមដែលកម្ពុជា កំពុងជួបប្រទះទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
